អត្ថបទថ្មីៗ

Wednesday, May 17, 2017

មិត្តភាពពិតប្រាកដ មិនត្រូវការសម្តីពិរោះពិសារ នោះទេ

រសៀលមួយ មានពពែ🐐មួយក្បាលកំពុងរត់លេងលើជំរាលភ្នំ ស្រាប់តែមានឆ្កែចចកមួយក្បាលលោតចេញពីដើមឈើបម្រុងស៊ីពពែ🐐។
– ពពែ🐐ខំរត់ផង យកស្នែងតតាំងផង ស្រែកខ្លាំងផងដើម្បីឲ្យមិត្តភក្រ័មកជួយ…
– គោ🐂 ក្រឡែកទៅឃើញចចកក៏ រត់បាត់ទៅ
– សេះ🐴 ឱនមើលឃើញចចកក៏ ដាក់មេផាយបាត់ទៅ
– សត្វលា បានឈប់បន្តិច ដឹងថាមានចចក ក៏លួចចុះពីភ្នំស្ងាត់ៗបាត់ទៅ
– ជ្រូក🐗 ដើរកាត់ គ្រាន់តែឃើញចចក បោលចុះពីភ្នំបាត់ទៅ
– ទន្សាយ🐇 គ្រាន់តែស្តាប់ឮថាចចក រត់លឿនដូចជាព្រួញបាត់ស្រមោលឈឹងទៅ
– ឆ្កែ🐕 នៅឯជើងភ្នំ គ្រាន់តែឮសំឡេងពពែស្រែកសុំជំនួយភ្លាម ក៏ប្រញាប់រត់ឡើងភ្នំទៅជួយមិត្តដោយមិនគិតពីគ្រោះថ្នាក់អ្វីទាំងអស់ លោតទៅខាំបំពង់ ក ចចក ចចកឈឺក៏ស្រែកយ៉ាងខ្លាំង ឆ្លៀតពេលឆ្កែកំពុងដង្ហក់ ក៏រត់គេចខ្លួនទាំងភ័យខ្លាចបាត់ទៅ។


– ពពែ🐐ត្រឡប់ដល់ផ្ទះវិញ មិត្តភ័ក្រទាំងអស់បានមកសួរសុខទុក្ខ
– គោ🐂និយាយថា៖ ម៉េចមិនប្រាប់ខ្ញុំ ស្នែងរបស់ខ្ញុំអាចចាក់ពោះវាឲ្យធ្លាយចេញពោះវៀនមកក្រៅបានណា!
– សេះថា🐴៖ ម៉េចមិនប្រាប់ខ្ញុំ ជើងខ្ញុំអាចធាក់វាឲ្យធ្លាយខួរបានណា!
– សត្វលាថា៖ ម៉េចមិនប្រាប់ខ្ញុំ សំឡេងខ្ញុំអាចធ្វើឲ្យវាភ័យបែកប្រមាថបានណា!
– ជ្រូកថា🐗៖ ម៉េចមិនប្រាប់ខ្ញុំ ខ្ញុំនឹងឈ្មុសវាឲ្យរមាលធ្លាក់ពីលើភ្នំបានណា!
– ទន្សាយថា🐇៖ ម៉េចមិនប្រាប់ខ្ញុំ ខ្ញុំរត់បានលឿនអាចទៅផ្តល់ដំណឹងឲ្យបងប្អូនយើងដឹងបានណា!
ពួកគេនាំគ្នាស្រែកឆោឡោម្តងម្នាក់ គឺមានតែសត្វឆ្កែ🐕ទេដែរនៅស្ងៀមមិនចេញស្តី។

គំនិតអប់រំ៖ មិត្តភាពពិតប្រាកដមិនត្រូវការសម្តីពិរោះពិសារនោះទេ ប៉ុន្តែនៅពេលដែលចាំបាច់គឺជាអ្នកហុចដៃចាំជួយទាញអ្នកនោះហើយ អ្នកដែលធ្វើឲ្យអ្នកសប្បាយចិត្តរាល់ថ្ងៃខ្លះក៏មិនប្រាកដថាគេជាមិត្តពិតប្រាកដរបស់អ្នកឡើយ៕