អត្ថបទថ្មីៗ

Tuesday, May 23, 2017

កូនស្រីអ្នកមានបដិសេធនឹងការសូមស្រឡាញ់ពីបុរសក្រីក្រ

មានបុរសក្រីក្រម្នាក់បានលង់ស្រលាញ់កូនស្រីអ្នកមានម្នាក់។ នៅថ្ងៃមួយ គាត់ក៏បានណាត់ជួបនាង ហើយបានសារភាពពាក្យនៅក្នុងចិត្តដល់នាងបានដឹង។ នារីនោះបដិសេធចំពោះគាត់ ហើយនាងថែមទាំងនិយាយថា «ស្ដាប់ណា! ប្រាក់ខែលោកមួយខែ មិនបានស្មើនឹងលុយដែលខ្ញុំចំណាយក្នុងមួយថ្ងៃផង តើឲ្យខ្ញុំស្រលាញ់លោកយ៉ាងម៉េចកើត? ខ្ញុំមិនអាចរស់នៅជាមួយលោកបានទេ សុំកុំគិតពីខ្ញុំអី លោកគួរតែរកនារីណាម្នាក់ដែលសាកសមជាមួយលោក ហើយរៀបការជាមួយគេចុះ។»​


បុរសនោះ ទោះបីដឹងថានាងមិនបានស្រលាញ់ខ្លួនក៏ដោយ ក៏គេនៅតែស្រលាញ់នាងរហូត ហើយថែមទាំងមិនអាចភ្លេចនាងបានទៀត។ គេបានចាកចេញឆ្ងាយពីជីវិតនាង តាមអ្វីដែលនាងបាននិយាយ។

១០ឆ្នាំក្រោយមកបុរសនោះបានជួបនារីដែលខ្លួនស្រលាញ់នោះម្ដងទៀតនៅពេលពួកគេដើរទិញឥវ៉ាន់ក្នុងផ្សារមួយ។

នារីនោះឃើញហើយក៏និយាយទៅកាន់បុរសនោះថា «ហ្ហេ! តើលោកសុខសប្បាយទេ? ខ្ញុំបានរៀបការរួចហើយ។ ប្ដីខ្ញុំជាមនុស្សឆ្លាត ហើយគាត់អាចរកលុយបានយ៉ាងច្រើនទៀតផង។ គាត់រកលុយបានរហូតដល់ ២ម៉ឺនដុល្លាក្នុង១ខែឯណោះ! តើលោកអាចប្រៀបធៀបនឹងប្ដីខ្ញុំបានទេ?»

ទឹកភ្នែកចាប់ផ្ដើមជ្រាបចេញពីកែវភ្នែកទាំងពីររបស់បុរសកំសត់ នៅពេលបានឮពាក្យទាំងនោះម្ដងទៀតចេញពីមនុស្សស្រីតែម្នាក់ដែលគាត់ស្រលាញ់។ ប៉ុន្មាននាទីក្រោយមក ស្វាមីនាងក៏បានមកដល់ល្មម។ គាត់ប្រញាប់និយាយយ៉ាងរាក់ទាក់ទៅរកបុរសដែលឈរនៅមុខប្រពន្ធរបស់ខ្លួន «សួស្ដីលោក! លោកក៏អញ្ជើញមកទិញឥវ៉ាន់ដែរហ្ហ៎? » ហើយក៏ប្រញាប់បន្ដ «អូន! នេះគឺលោកប្រធានក្រុមហ៊ុនរបស់បង។ បងជាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកជាច្រើនដែលធ្វើការឲ្យគាត់ ហើយគាត់កាន់គម្រោងធំៗរាប់លានដុល្លាឯណោះ!» ស្វាមីបន្ដ «គាត់គឺជាមនុស្សប្រុសដ៏ល្អ ហើយអូនដឹងទេ? គាត់ធ្លាប់និយាយថា គាត់ត្រូវបាននារីដែលគាត់ស្រលាញ់ខ្លាំងបំផុតបដិសេធចំពោះគាត់ ដូច្នេះគាត់ក៏សម្រេចចិត្តមិនរៀបការជាមួយនារីណាផ្សេង រហូតដល់ឥឡូវនេះ។

ប្រសិនបើនារីម្នាក់នោះបានរៀបការជាមួយគាត់ មិនដឹងថានាងសំណាងប៉ុនណាទេ»។ ​

ចុងក្រោយ នារីម្នាក់នោះគ្មានពាក្យអ្វីនិយាយបន្ដ នាងស្ងាត់មាត់ជាមួយអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង។

​តម្លៃអប់រំ៖ ជីវិតខ្លីណាស់ ដូច្នេះកុំប្រកាន់ឬក ហើយមានមោទនភាពចំពោះខ្លួនឯងខ្លាំងពេក ជាពិសេសកុំមើលងាយអ្នកដទៃ ដោយសំឡឹងមើលតែស្ថានភាពលំបាកក្នុងបច្ចុប្បន្នរបស់គេ។ ពេលវេលាដើរទៅមុខ រឿងអ្វីក៏អាចផ្លាស់ប្ដូរបានដែរ។ មនុស្សដែលលំបាកវេទនានៅថ្ងៃនេះអាចក្លាយជាអ្នកដែលមានអនាគតប្រសើរនៅថ្ងៃខាងមុខក៏ថាបាន៕