អត្ថបទថ្មីៗ

Friday, May 26, 2017

ទស្សនៈរបស់ខុងជឺ (‌​៥៥១-៤៧៩ មុន គ.ស.​)

ខុងជឺជាមហាទស្សនវិទូចិនមួយរូបដ៏ល្បីល្បាញមានកិត្តិនាមស្មើនឹងសូក្រាតនៅប្រទេសក្រិច ដែរ ។ តាមពិតឈ្មោះរបស់លោកគឺ ជឺស្ថិតនៅសម្ព័ន្ធលូ ។ ត្រកូលរាជវង្សរបស់លោកជាអភិជន ហើយបើតាមការស្រាវជ្រាវត្រកូលនេះ​ មានពូជធារមកពីរាជវង្ស‍‍ «ចាង» ដែលជាសន្តតិវង្សមួយគ្រប់គ្រង ប្រទេស ចិន នាសម័យរដ្ឋកាលចូវ ។


ដោយសារសង្រាមវាយលុកពីកុលសម្ព័ន្ធចូវ ស្ថិតនៅទិស​ពាយ័ព្យទន្លេលឿងរាជវង្សចាង ក៏ត្រូវរលាយបាត់បង់ក្នុងសង្រ្គាម ។​​ ឯសមាជិកគ្រួសារ ដែលរួច ផុតពីសេចក្តីស្លាប់វិញ ក៏បន្លំខ្លួនក្នុងកុលសម្ព័ន្ធ «លូ»។ ខុងជឺ កើតនៅឆ្នាំ ៥៥១ មុន គ.ស ក្នុង​ទីងងឹតនៃកំហែង ថ្មភ្នំមួយនៃស្រុកចាងតុង ក្បែរវាលចិញ្ចឹមសត្វ របស់លោកមានៃសន្តតិវង្សលូ ។ មុនពេលចាប់ កំណើត និងថ្ងៃចាប់កំណើតរបស់ខុងជឺ មានអព្ពូតហេតុចំលែក គួរឲ្យកត់សម្គាល់ គឺផ្ទុះភ្នំភ្លើងរន្ទះ រញ្ជួយភ្នំភ្លើង ។ ខុងជឺ កំព្រាឪពុកតាំងពីអាយុ ៣ ឆ្នាំ ហើយមានចិត្តសប្បុរសធម៌ តាំងពីក្មេងតែ គាត់រស់ក្នុងទីទល់ក្រ។លុះបានអាយុ ២០ឆ្នាំគាត់បានរៀបការ ជាមួយនឹងស្រីជន ជាតិម៉ុងហ្គោល ម្នាក់ ដែលមានកូនប្រុសឈ្មោះលី ។ ដោយកាខិតខំស្រាវជ្រាវ ខុងជឺ បានក្លាយ ជាគ្រូម្នាក់ដែល ចេះដឹងសព្វមុខវិជ្ជាពិសេស ខាងវិជ្ជាពេទ្យខុងជឺចេះទស្សន៍ទាយ ជាអ្នកបង្ហាត់ បង្រៀនឲ្យប្រជាជនចិនចេះសែនព្រេនដូនតាតាមលក្ខណៈនេះគាត់ជាអាចារ្យពេលមាន អាពាហ៍ ពិពាហ៍ និងវិធីបុណ្យ ផ្សេងៗ ផងដែរ ។ កិត្តិនាម របស់ខុងជឺ ល្បីល្បាញពេញស្រុកចាន់ស៊ី ហើយ ពេលនោះ ទស្សនវិជ្ជា បស់ខុងជឺ ក៏ចាប់រីកដុះដាល គេនាំគ្នាប្រសិទ្ធិនាម ឲ្យគាត់ថា «ជូ» មាន ន័យថា«បណ្ឌិត» ចាប់ពី ពេលនោះមក ។ នៅអាយុ៤៩ឆ្នាំខុងជឺត្រូវបានព្រះមហាក្សក្យ តែងតាំង ធ្វើជាសេនាបតីធំម្នាក់ក្នុងវាំង។ ខុងជឺបានផ្សព្វផ្សាយទស្សនវិជ្ជា របស់គាត់គ្រប់ទិសទីពាសពេញ ប្រទេសចិន ក្នុងគោល បំណងឲ្យប្រជាជនចិនស្គាល់យល់ដឹង នូវតំលៃរបស់ខ្លួន និងចង់កែរប្រែ របៀបអប់រំសីលធម៌ តែត្រូវមហាក្សត្រលូជំនាស់ ។ ដោយវិបត្តិនយោបាយ ខុងជឺ បានភៀសខ្លួន ពីស្រុកមួយ ទៅស្រុក មួយអស់រយៈពេល ១៣ ឆ្នាំ ។ ខុងជឺ បានវិលត្រឡប់ចូលស្រុកលូវិញ ក្នុង ជន្មាយុ ៧០ឆ្នាំ។ ខុងជឺ បានផ្សាយទស្សនវិជ្ជា របស់គាត់អស់រយៈពេលឆ្នាំ ក្នុងស្រុកចិនទាំងមូល ព្រមទាំងបើកង្រៀន ដល់សាវ័កទៀតផង ។

ខុងជឺមិនគ្រាន់តែជាគ្រូបង្ហាត់ខ្បួនខ្នាតប៉ុណ្ណោះទេ ថែមទាំង ជាអ្នកដឹកនាំប្រជាជន ឲ្យអនុវ ត្តន៍ នូវទំនៀមទំលាប់ចាស់ឲ្យរីកចម្រើនឡើងវិញ ​គេសង្កតឃើញប្រជាជនចិន ចាប់ប្រើក្រដាស និងជក់ខ្មៅដុសថ្នាំ សម្រាប់សរសេរ និងឲ្យចេះសែនព្រេនដូនតា រាល់ឆ្នាំ តាំងពីសម័យខុងជឺមក ។ គាត់រស់បាន ៣ ឆ្នាំ ក្នុងសំណាក់សាវ័កទាំងឡាយ ហើយបានទទួលមរណភាព ក្នុងឆ្នាំ ៤៧៩ មុន គ.ស ។

ស្នាដៃទស្សនវិជ្ជារបស់ខុងជឺ

ខុងជឺ បានចងក្រងគម្ពីរឈ្មោះថា «លាវយី» មានន័យថា សិល្បៈទាំង ៦ ជាសិល្បៈ សេរីមាន គោលដៅស្វែងរកនូវសេរីភាព ក្នុងនយោបាយ និងសេដ្ឋកិច្ច ។

ទស្សនវិជ្ជាទាំង៦របស់ខុងជឺគឺ

១–គម្ពីរឈ្មោះយី= និយាយ ពីការផ្ទេរកម្មសិទ្ធិ និងផ្ទេរមរតក ។
២–គម្ពីរឈ្មោះចេ=ជាកំណាព្យនិទាន សម្រាប់បម្រើសោភ័ណ្ឌធម្មជាតិ ។
៣–គម្ពីរឈ្មោះលី= និយាយ ពីការប្រារព្ធពិធីសែនព្រេនផ្សេងៗ ។
៤–គម្ពីរឈ្មោះយ៉ូ= និយាយ ពីបទភ្លេង និងចម្រៀងបណ្តែតអារម្មណ៍ ។
៥–គម្ពីរឈ្មោះជូ=និយាយ ពីប្រវត្តិសាស្រ្ត និងពង្សាវតា នៃប្រទេសចិន ។
៦–គម្ពីរឈ្មោះឈូស៊ាវឬគម្ពីរនិទាឃរដូវ=និយាយ ពីសរទរដូវ ជាប្រវត្តិសាស្រ្ត ជាក់ស្តែងរបស់ សន្តតិវង្សលូ ។

ចំពោះទស្សនវិជ្ជា ខុងជឺ បានឲ្យតំលៃ ទៅលើសីលធម៌ មនុស្សធម៌ និងសច្ចធម៌ ។ តាមទស្សនៈ ខុងជឺ នៅក្នុងសង្គម មានមនុស្សពីរប្រភេទ ដែលតែងតែស្វែងរកវត្ថុពីរផ្ទុយគ្នា ។ មនុស្សប្រភេទ ទីមួយ ជាមនុស្សប្រកបដោយគតិបណ្ឌិត ដែលសុខចិត្តលះបង់គុណប្រយោជន៍ គ្រប់បែបយ៉ាង ដើម្បីស្វែងរកយុត្តិធម៌និងដើម្បីបណ្តុះកិត្តិស័ព្ទរបស់ខ្លួន ។ ចំណែកមនុស្ស ប្រភេទទីពីរជាប្រភេទ មនុស្សសាមញ្ញដែលសុខចិត្តលះបង់យុត្តិធម៌កិត្តិយស ដើម្បីស្វែងរកគុណប្រយោជន៍ ។

ខុងជឺបានបែងចែកទស្សនៈដូចខាងក្រោម

មនុស្សធម៌= ខុងជឺ បានហាមមិនឲ្យធ្វើសង្រ្គាមជាដាច់ខាត ទោះស្ថិក្នុងសភាពបែបណាក៏ដោយ ។ខុងជឺមើលឃើញសង្រ្គាម ជាប្រភពនៃអមនុស្សធម៌ ។ លោកមិនពេញចិត្តចំពោះអំពើឃោរឃៅ អមនុស្សធម៌ ដែលពួកមនុស្ស ធ្វើទៅលើសត្វ និងធ្វើទៅលើមនុស្សគ្នាឯង ដូចករណីកងទ័ព ចាប់​ឈ្លើយសង្រ្គាមមកកាត់ដៃកាត់ជើងបោះទៅលើចុងលំពែង ចាប់មនុស្សយកទៅ ស្រុះទឹកក្តៅ ដូច​ជាស្រុះមាន់ គាបក្បាលពិរុទ្ធជន ឲ្យស្លាប់ដោយទារុណកម្ម ។ល។ អំពើទាំងនេះ សុទ្ធសឹងជា អំពើ អមនុស្សធម៌ ។

យុត្តិធម៌= ខុងជឺ មើលឃើញយុត្តិធម៌ ក្នុងរូបភាពពីរយ៉ាង គឺយុត្តិធម៌នៅក្នុងសង្គម និងយុត្តិធម៌ នៅក្នុងគ្រួសារ។ ដំបូងឡើយ យុត្តិធម៌ កើតមាននៅក្នុងគ្រួសារជាមុនសិន ក្រោយមក ទើបវារាល ដាលដល់សង្គម ។ ខុងជឺ មើលឃើញយុត្តិធម៌ពួនសំងំនៅក្នុងចិត្ត និងកាយវិការរបស់មនុស្ស ។ ហេតុនេះដើម្បីឲ្យយុត្តិធម៌សង្គមកើតមានឡើងជំហ៊ានទីមួយត្រូវធ្វើឲ្យមានយុត្តិធម៌នៅក្នុងគ្រួសារ ជាមុនសិន ។ ខុងជឺ បានឈរលើទស្សនៈថា «កូនត្រូវស្តាប់បង្គាប់ឪពុកម្តាយ និងរាមច្បងរបស់ ខ្លួន» ។

សីលធម៌= ខុងជឺ បានបង្គាប់ឲ្យមនុស្សគ្រប់វណ្ណៈទាំងអស់ នៅក្នុងសង្គម និងគ្រប់ស្រទាប់វណ្ណៈ ទាំងអស់ នៅក្នុងគ្រួសារ ត្រូវតែហ៊ានទទួលនូវកំហុសរបស់ខ្លួន នៅចំពោះមុខគ្រួសារ និងចំពោះ មុខច្បាប់ផងដែរ ។ អ្នកប្រព្រឹត្តល្មើសនឹងច្បាប់ ត្រូវទទួលខុសត្រូវ ទទួលទារុណកម្ម ឲ្យសមនឹង កំហុស ដែលគេបានសាង ។ ប្រសិនបើកំហុសនោះ ធ្ងន់ដល់ប្រហារជីវិត អ្នកទោស ត្រូវតែហ៊ាន ធ្វើអត្តឃាតខ្លួនឯង ។ ទស្សនៈរបស់លោកខុងជឺសង្កត់ធ្ងន់ថា «មនុស្សម្នាក់ៗ ត្រូវមានស្មារតី អៀន ខ្មាសត្រូវតែចេះយល់នូវអ្វី ដែលត្រឹមត្រូវយុត្តិធម៌ សម្រាប់ជីវិត» ។ ខុងជឺ បានបង្កើត សីលធម៌ មួយទៀតហៅថា «ជិន» មានន័យថា «ស្រលាញ់ អ្នកដទៃ» ដោយខុងជឺ មានបំណង ឲ្យអ្នកសិក្សា ស្រលាញ់ផលប្រយោជន៍ និងជីវិតអ្នកដទៃ ឲ្យដូចជាស្រលាញ់ជីវិតរបស់ខ្លួន ។

សីលធម៌នោះគឺ

-ធ្វើគុណទៅហើយ បើគេតបមកវិញ ចាត់ទុកដូចជាពុំបានធ្វើគុណ ។
-ធ្វើគុណទៅហើយ បើបានផលអាក្រក់វិញ ត្រូវទទួលថា ជាបទពិសោធន៍ដោយដៃពីរ ។
-អំពើណា ដែលអ្នកពុំចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកកុំធ្វើអំពើនោះទៅអ្នកដទៃ ។
-អំពើណា ដែលអ្នកស្រលាញ់ ចង់បាន ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកធ្វើនូវអំពើ នោះទៅអ្នកដទៃ ជាមុនសិន ។
-អំពើណា ដែលធ្វើទៅហើយ បានទទួលផលដល់ខ្លួនឯងហើយ មានទុក្ខដល់អ្នកដទៃ សូមជៀស វាងកុំធ្វើនូវអំពើនោះ ជាដាច់ខាត ។
-បើជួយអ្នកដទៃហើយ បែរជាត្រឡប់មកទទួលទោសវិញ ចូររត់គេច ឲ្យផុតពីទុក្ខទោសនោះឲ្យ បានមុនទុក្ខទោសនោះ មកដល់ ។
-បើធ្វើប្រយោជន៍ហើយ​ សូមកុំរំលឹកគុណទាំងនោះ នៅចំពោះមុខគេឲ្យសោះ បើមិនដូច្នោះទេ​ទោះជាគុណប៉ុនភ្នំ ក៏ត្រូវរលាយដែរ ។
-ត្រូវទុកឲ្យអ្នកដទៃ និយាយពីគុណរបស់អ្នកវិញ ទើបប្រសើរជាង ។
-អ្វីដែលអ្នកមិនសប្បាយចិត្ត ចំពោះអ្នកធំធ្វើមកលើរូបអ្នក ចូរអ្នកកុំយកវាទៅអនុវត្តន៍ លើមនុស្ស ដែលនៅក្រោមបង្គាប់អ្នក ឲ្យសោះ ។

គុណធម៌របស់ខុងជឺ

គុណធម៌ របស់ខុងជឺ គឺសំដៅលើចិត្តមេត្តា ករុណា និងភាពត្រឹមត្រូវ ។ លោកថា «មនុស្សម្នាក់ៗ នៅក្នុងសង្គម សុទ្ធតែមានកាតព្វកិច្ច ដែលគួរធ្វើ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន របស់ពួកគេត្រូវ ប្រកបដោយសីលធម៌ និងភាពត្រឹមត្រូវ»។ នេះទើបហៅថា «គុណធម៌»។តែបើគេធ្វើ កិច្ចការទាំង ឡាយដោយគ្រាន់តែពិចារណា ប៉ុន្តែខ្វះសីលធម៌នោះសកម្មភាព​ របស់ពួកគេនឹងក្លាយទៅជា សកម្មភាពមិនត្រឹមត្រូវ និងខ្វះគុណធម៌ ។ មួយវិញទៀត ខុងជឺ ចាត់ទុកថា «ការគ្រប់គ្រងដោយ គុណ ធម៌ មានលក្ខណល្អប្រសើរ ជាងគ្រប់គ្រងដោយច្បាប់» ។

គាត់រំពឹងថា ការគ្របគ្រងរដ្ឋ ប្រកបដោយគុណធម៌ អាចដំណើរការទៅរួច ថែមទាំងឈាន ទៅសម្រេចផ្លែផ្កាទៀតផង ។ ការគ្រប់គ្រងល្អ គឺទាល់តែអ្នកគ្រប់គ្រង ធ្វើសង្គមឲ្យ មានសណ្តាប់ ធ្នាប់និងជីវភាពរុងរឿង ។ ចង់ឲ្យសង្គមមានសណ្តាប់ធ្នាប់ និងជីវភាពរុងរឿង ត្រូវធ្វើសណ្តាប់ធ្នាប់ និងចេះគ្រប់គ្រងជីវភាពគ្រួសារជាមុនសិន ។មនុស្ស ដែលមានទឹកចិត្តល្អ លុះត្រាតែ មានឆន្ទៈ ស្មោះត្រង់ និងមានការអប់រំល្អ ។ នៅពេលដែលមនុស្ស បានទទួលការអប់រំល្អហើយជីវភាពគ្ រួសារ របស់គេ ក៏ត្រូវបានគ្រប់គ្រងល្អដែរ ។ បើជីវភាពគ្រួសារបានគ្រប់គ្រងហើយនោះ នាំឲ្យជីវ ភាពសង្គម ឬប្រទេសជាតិ មានសណ្តាប់ធ្នាប់ ។ លទ្ធផលចុងក្រោយ គឺពិភពលោកនឹងមាន សន្តិភាព។ខុងជឺយល់ថា ដើម្បីឲ្យសង្គមមានសណ្តាប់ធ្នាប់ លុះត្រាតែនៅក្នុងសង្គមនោះ មានការ ប្រតិបត្តិត្រឹមត្រូវ នូវអ្វីដែលគាត់ហៅថា «ការកែតំរូវ ឲ្យត្រឹមត្រូវតាមឈ្មោះ» នោះជាមុនសិន ។ នេះមានន័យថា «ម្នាក់ៗ ត្រូវតែស្គាល់ឈ្មោះកាតព្វកិច្ច និងតួនាទីរបស់ខ្លួន ឲ្យបានច្បាស់លាស់» ។ ខ្លឹមសារសំខាន់នោះ ឋិននៅត្រង់ថា អ្នកគ្រប់គ្រងគឺអ្នកគ្រប់គ្រង រដ្ឋមន្រ្តីគឺរដ្ឋមន្រ្តី ឪពុកគឺឪពុក កូនគឺកូន ។ល។ គ្រប់ឈ្មោះទាំងអស់ គឺសុទ្ធតែឋានៈ មានកាតព្វកិច្ច តួនាទី និងមុខងារ ខុសៗ គ្នា ។ បើឈ្មោះណាមួយ បំពេញមុខងាររបស់ខ្លួនមិនត្រឹមត្រូវ អ្នកនោះមិនអាចក្លាយទៅជាបុគ្គល ដ៏ល្អតាមឋានៈនោះឡើយ ។ ឧទាហរណ៍ថា៖ បើអ្នកដឹកនាំ គ្រប់គ្រងគេ មិនខ្វល់ខ្វាយចំពោះវិជ្ជា ឬវិធីដឹកនាំគ្រប់គ្រងនោះទេទោះបីជាអ្នកនោះមានប្រជាប្រិយភាព ប៉ុណ្ណាក៏ដោយ ក៏គេនោះមិន អាចជាអ្នកដឹកនាំ ដ៏ល្អបានដែរ ។

ដូចនេះ ឃើញថា ទស្សននយោបាយ របស់ខុងជឺ ពិតជាបានរួមវិភាគទាន យ៉ាងធំសម្បើម ក្នុងការរុញច្រានទ្រឹស្តីនយោបាយ បែបទស្សនវិជ្ជា ដែលមានសីលធម៌ឲ្យមានភាពរីកដុះដាល ឡើង ។អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺខុងជឺ មិនបានប្រើប្រាស់កម្លាំងខាងក្រៅ មកជួយរៀបចំ និងដោះស្រាយបញ្ហា ក្នុងសង្គមមនុស្សទេ ។ តែលោកប្រើក្បួនច្បាប់ គុណធម៌ និងសីលធម៌ធ្វើជា មូលដ្ឋាន សម្រាប់ដោះស្រាយបញ្ហា ក្នុងសង្គមមនុស្សទៅវិញ ។