អត្ថបទថ្មីៗ

Friday, May 26, 2017

​​ក្រោយ​​រៀប​ការ​រួច​មាន​ផ្ទះ​រស់​នៅ​ខ្លួន​ឯង​ ឫ​នៅ​ជា​មួយ​​ឪពុក​ម្ដាយ?

ក្រោយពីរៀបការ ក្តីការព្រួយបារម្ភពីបញ្ហាកន្លែងរស់នៅ មិនមែនជាបញ្ហាមនុស្សតែម្នាក់នោះឡើយ វាជាបញ្ហាចម្បងដែលគូស្វាមីភរិយាវ័យក្មេងជាច្រើន ត្រូវគិតនិងរួមគ្នាដោះស្រាយ គ្រាន់តែវិធីដែលពួកគេដោះស្រាយមានលក្ខណៈខុសៗគ្នា វាអាស្រ័យទៅតាមស្ថានភាពហិរញ្ញវត្ថុ និងជីវភាពរបស់គ្រួសារពួកគេតែប៉ុណ្ណោះ។


ជាគណនេយ្យករម្នាក់ ដែលទើបនឹងរៀបការរួចកាលពីខែមេសាឆ្នាំនេះ អ្នកនាងជាសុជាតិបានរៀបរាប់ថា ក្រោយពីរៀបការរួចបើតាមចិត្តរបស់គ្រួសារ(ស្វាមី)ខ្ញុំ គាត់ចង់បានផ្ទះមួយ នៅឯស្រុកដែលល្មមអាចឲ្យពួកយើងរស់នៅបាន តែសម្រាប់ខ្ញុំ គឺខ្ញុំគិតថាចង់រកទិញផ្ទះណាល្មមធូរថ្លៃមួយនៅភ្នំពេញ។ ដូច្នេះពេលនេះ ពួកយើងកំពុងគិតនិងពិចារណាសិន តែបើតាមចិត្តគាត់(ស្វាមី) គឺគាត់តាមខ្ញុំច្រើនជាង។

នៅពេលសួរថា ចុះហេតុអ្វីមិនរស់នៅជាមួយឪពុកម្ដាយតែម្ដងទៅ? អ្នកនាងសុជាតិបានលើកឡើងថា ការរស់នៅផ្ទះជាមួយឪពុកម្ដាយ ក្រោយរៀបការរួច វាមិនមានបញ្ហាអ្វីធំដុំទេ ក៏ប៉ុន្តែយើងមិនអាចរស់នៅបែបនេះរហូតបានទេ ព្រោះបន្តិចទៀត យើងនឹងមានកូន ហើយពេលគេធំឡើង គេត្រូវការបន្ទប់ខ្លួនឯង។ ដូច្នេះវាចាំបាច់ណាស់ ដែលយើងត្រូវមានផ្ទះខ្លួនឯង។

អ្នកនាងសុជាតិបន្តថា ការរស់នៅជុំគ្នាជាមួយឪពុក-ម្តាយក្មេក ឫឪពុកម្តាយបង្កើត ក្រោយពីរៀបការរួច ដំបូងវាអាចមិនមានបញ្ហាអ្វីធំដុំទេ តែយូរៗទៅ វាអាចនឹងមានបញ្ហាទាស់ទែង ក៏ដូចជាការរស់នៅមិនចុះសម្រុងមើលមុខគ្នាមិនចំ ព្រោះយើងមិនប្រាកដថា ប្ដីរបស់យើងគាត់អាចរស់នៅចុះសម្រុងជាមួយឪពុកម្ដាយក្មេក ហើយយើងខ្លួនឯងក៏មិនប្រាកដថា អាចរស់នៅចុះសម្រុងជាមួយឪពុកម្តាយខាងប្តីដែរ។

ការរស់ផ្ទះដោយឡែកពីឪពុកម្តាយ ធ្វើឲ្យយើងមានភាពទទួលខុសត្រូវចំពោះគ្រួសារ ចេះពឹងពាក់លើសមត្ថភាពខ្លួនឯងរស់នៅ ប្រកបដោយភាពសុខដុមរមនារវាងប្ដីនិងប្រពន្ធ មានអីហូបនឹង ចេះគោរពសិទ្ធិគ្នាទៅវិញទៅមក ចេះអធ្យាស្រ័យយោគយល់គ្នា ដឹងពីសុខទុក្ខគ្នា បើមានចំណុចខ្វះខាត ត្រូវបំពេញឲ្យគ្នា នេះទើបជាការចាប់ផ្ដើមកសាងជីវិតគ្រួសារមួយដ៏ល្អ។ ការមានផ្ទះផ្ទាល់ខ្លួនក្រោយពីរៀបការរួច វាជាជម្រើសល្អបំផុតសម្រាប់គូស្វាមីភរិយាវ័យក្មេង ដែលត្រូវការជាចាំបាច់នូវជម្រកមួយសម្រាប់ការកសាងសុភមង្គលគ្រួសារថ្មី និងជៀសវាងនូវការទាស់ទែងនានា ក៏ដូចជាការរស់នៅមិនចុះសម្រុងមើលមុខគ្នាមិនចំ ដែលអាចកើតមានឡើង នៅពេលទៅនៅជាមួយឪពុកម្ដាយក្មេក ឫឪពុកម្ដាយបង្កើត៕

ប្រភព៖សប្បាយ