អត្ថបទថ្មីៗ

Thursday, May 25, 2017

មូលហេតុ​ដែល​​ឆ្កែ​ អាច​មើល​ឃើញ​ខ្មោច

យូរយារ​ណាស់​មក​ហើយ មាន​បុរស​ម្នាក់​ទៅ​មើល​គេ​លៀង​មេមត់ ​ក៏​បាន​ដើរ​​កាត់​ក្បែរ​ដី​​​ ទួល​​កប់​ខ្មោច​មួយ​កន្លែង​​ដែល​មាន​ព្រៃ​ស៊ុម​ទ្រុម ស្រាប់​តែ​មាន​ខ្មោច​ស្រែក​ហៅ​គាត់​។


ខ្មោច ៖ ពូ ៗ ផ្ដាំ​ទៅ​ប្រាប់​ប្រពន្ធ​ឲ្យឆាប់​​មក​វិញ​​ផង ។

បុរស​៖-(គាត់​មិន​ចេះ​ខ្លាច​ខ្មោច​ទេ គាត់​ដឹង​ថា​ខ្មោច​ហៅ​ពិត​ណាស់ ប៉ុន្តែ​គាត់​ធ្វើ​ព្រងើយ) សួរ​ថា​ហើយប្រពន្ធ​ឯង​នៅ​ឯ​ណា ?

ខ្មោច ៖ ប្រពន្ធ​ខ្ញុំ នៅ​ឯ​ផ្ទះ​គេ​លៀង​អារក្ស​ឯ​នោះ !

បុរស​ ៖ ចុះ​ឯង ឲ្យ​អញ​ប្រាប់នាង​យ៉ាង​​ម៉េច​បាន ? បើ​អញ​មើល​ប្រពន្ធ​ឯង​មិន​ឃើញ​នោះ !

ក្នុង​ពេល​នោះ​ខ្មោច​ក៏​ឲ្យ​ប្រទាល​ប្រហោង គឺ​ជា​ថ្នាំ​សម្រាប់​មើល​ខ្មោច​ឃើញ​ទាំង​អស់។ ខ្មោច​ឲ្យ​ប្រទាល​នោះ​ទៅ​​បុរស​នោះ​​ហើយ ប្រាប់​ទាំង​ឈ្មោះ​ប្រពន្ធ​ផង​ដើម្បី​ឲ្យ​គាត់​ បាន​ជួយ​ប្រាប់​ឲ្យ។ បុរស​នោះ កាល​បើ​បាន​ប្រទាល​ប្រហោង​នោះ​ហើយ មើល​ឃើញ​ខ្មោច​នៅ​ពេញ​តែ​ព្រៃ តែ​គាត់​មិន​តក់​ស្លុត​នោះ​ទេ គឺ​ គាត់​ចេះ​តែ​ដើរ​ទៅ ៗ ដោយ​គ្មាន​ភិត​ភ័យ​ខ្លាច​អ្វី​ឡើយ។ គាត់​ដើរ​តម្រង់​ទៅ​ផ្ទះ​ណា​គេ​លៀង​អារក្ស លុះ​ដល់​ផ្ទះ​នោះ​ហើយ គាត់​ឃើញ​ខ្មោច​ស្រីៗ កំពុង​ស៊ី​ពែ​សំណែន ដែល​សែន​នៅ​ពោរ​ពេញ ជា​ច្រើន​គ្នា​។ បុរស​នោះ​ក៏​បាន​​ស្រែក​ហៅ​ទៅ​តាម​ឈ្មោះ​ដែល​ខ្មោច​ប្រុស​​បាន​ផ្ដាំ​មក ហើយ​បោយ​ដៃ​ហៅ​ចំ​ពី​មុខ​ខ្មោច​ស្រី​តែ​ម្ដង​។

បុរស​​៖-ប្ដី​ហង​ឲ្យ​ទៅ​ផ្ទះ​​ឲ្យ​ឆាប់ ព្រោះ​កូន​យំ​ខ្លាំង​ណាស់ !

ខ្មោច​ស្រី​៖ (នឹក​ឆ្ងល់​ថា ម៉េច​ក៏​បុរស​នោះ​មើល​ឃើញ​អញ ទើប​ដើរ​សំដៅ​ទៅ)ចុះ​អ្នក​ឯងម៉េច​ក៏​មើល​យើង​ឃើញ ?

បុរស​ ៖ (បុរស​នោះ​ក៏​បង្ហាញ​ប្រទាល​ប្រហោងទៅ​ខ្មោច​​) ​នេះ​ជា​ប្រទាល​ដែល​ប្ដី​ហង​ឲ្យ​អញ ទើប​បាន​ជា​អញ​ឃើញ​ហ្នឹង​ណា​ ។

ខ្មោច​នោះ គ្រាន់​តែ​ឃើញ​ប្រទាល​នោះ​ភ្លាម ស្ទុះ​ទៅ​ដណ្ដើម​យក ប៉ុន្តែ​បុរស​នោះ​ពុំ​ព្រម​ឲ្យ ក៏​មាន​ការ​ប្រវាយ​ប្រតប់​គ្នា ដណ្ដើម​ប្រទាល​ប្រហោង​នោះ។ បុរស​ចេះ​តែ​ស្រែក​ហៅ​ ឲ្យ​គេ​ឯង​ជួយ ប៉ុន្តែ​អ្នក​ទាំង​អស់​មើល​ទៅ​ពុំ​ឃើញ​ប្រយុទ្ធ​ជាមួយ​នរណា​សោះ ឃើញ​តែ​ស្ទុះ​ស្ទា​តែ​ម្នាក់​ឯង ម្ល៉ោះ​ហើយ​គេ​នាំ​គ្នា​ទៅ​ជា​ស្រឡាំងកាំង​រក​ជួយ​មិន​កើត។ លុះ​ប្រវាយ ​ប្រតប់​គ្នា​អស់​មួយ​សន្ទុះ​ធំ បុរស​ក៏​ចង់​រសាយ​ដៃ ក៏​របូត​ប្រទាល​នោះ​ពី​ដៃ​ទៅ។ ខ្មោច​ស្ទុះ​ប្រុង​រើស​យក តែ​ពេល​នោះ ឆ្កែ​ឃើញ​ភ្លាម ស្ទុះ​ភ្លែត​មក​ត្របាក់​លេប​ចូល​ទៅ​ក្នុង​ ពោះ​បាត់​ទៅ។ ហេតុ​នេះ​ហើយ​បាន​ជា​ឆ្កែ​មើល​ខ្មោច​ឃើញ។


ដោយ​សារ​មាន​រឿង​និទាន​យ៉ាង​នេះ បាន​ជា​មាន​ជំនឿ​ថា ឆ្កែ​វា​មើល​ខ្មោច​ឃើញ បើ​ឆ្កែ​ព្រុស​លូ​ក្នុង​ពេល​យប់ ព្រោះ​វា​ឃើញ​ខ្មោច​ដើរ។ មួយ​វិញ​ទៀត មាន​មនុស្ស​ច្រើន​ណាស់ ដែល​នៅ​ជឿ​ជាក់​ហើយ​ខំ​ស្វែង​រក​ប្រទាល​ប្រហោង ដើម្បី​យក​មក​ប្រើ​ការ​សក្ដិសិទ្ធិ​ផ្សេងៗ។